ជាប្រទេសមួយដែលពឹងផ្អែកទៅលើកសិកម្មជាសំខាន់ព្រោះប្រជាជនប្រមាណ ៨០% ទៅ ៨៥%ជាកសិករ ហើយកសិកម្មផ្ដល់ ៥០%នៃផលិតផលជាតិសរុប។ ផលិតផលកសិកម្មរួមមានដដំណាំរួមផ្សំ ៦៣% ការចិញ្ចឹមសត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះបញ្ជាក់ឲ្យឃើញថាប្រជាជនកម្ពុជាមានកម្រិតជីវភាពទាបនូវឡើយ ។
ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ ហើយប្រកបរបរកសិកម្ម។ ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥% ទៅ ៩០%ក៏ដោយក៏គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់តាមតម្រូវការឡើយ។
តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនគ្រួសារដែលប្រកបរបរកសិកម្មមានប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារនៅទូទាំងប្រទេស។ គេអាចចែកប្រភេទកសិករទាំងនោះជាប្រភេទធំៗដូចតទៅ ៖
- កសិករផលិតស្រូវ ឬ អ្នកស្រែ ៖ មានចំនួនច្រើនជាងគេក្នុងប្រទេស និងនិយមធ្វើស្រូវវស្សា (រដូវភ្លៀង)លើផ្ទៃដីទំនាប។ កសិករទាំងនោះអាចរកប្រាក់ដើម្បីបង្គ្រប់ចំណូលរបស់ពួកគេដោយការងារផ្សេងៗទៀត (ចិញ្ចឹមសត្វ និង ឡើងត្នោត)ឯកសិករមួយចំនួនទៀត ធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង នៅចុងរដូវវស្សា ពេលទឹកស្រកតាមដងទន្លេ មាត់បឹង និងព្រែកនានា។ កសិករទាំងនោះអាចរកប្រាក់បំពេញតម្រូវការរបស់ពួកគេបានដោយស្វែងរកការងារធ្វើតាមរដូវ នៅទីប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។
- កសិករនៅតំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ ដូចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើស្រូវប្រដេញទឹក។
- កសិករធ្វើចំការ ឬ កសិករមិនដាំស្រូវ ៖ ពួកគេដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេ ស្ទឺង និងដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះមានការងារបន្ទាប់បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និងនេសាទ។
- កសិករក្នុងបណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី)និងតំបន់ព្រៃភ្នំនានា ច្រើនធ្វើដំណាំព្រៃដុត មាន ស្រូវ ពោត ដំឡូង និងរុក្ខជាតិផ្ដល់មើមជាដើម។ ក្រៅពីនេះពួកគេស្វែងរកអនុផលព្រៃឈើ និងបរបាញ់សត្វ។
ក្នុងវិស័យកសិកម្មកម្ពុជា ស្ត្រីបានដើរតួនាទីសំខាន់ណាស់បន្ថែមលើការងារផ្ទះសំបែង (ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំកូនចៅ)។ ស្ត្រី ត្រូវដាំដំណាំ ប្រមូលផល មើលថែទាំសត្វពាហនៈ និងត្រូវទៅលក់ផលិតផលនៅឯទីផ្សារទៀតផង។
No comments:
Post a Comment